ព័ត៌មានលម្អិត
កិច្ចប្រជុំonline ស្តីពីគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ(OW4C) ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ
ប្រភព: OWSO
នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានចូលរួមកិច្ចប្រជុំonline ស្តីពីគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ(OW4C) ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម លី សារី អភិបាលរងខេត្ត។
កិច្ចប្រជុំនេះសហការសម្របសម្រួលដោយ ក្រុមហ៊ុន Nickol Global Solution អង្គការ InSTEDD និងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ក្នុងគោលបំណងដើម្បីពង្រីកការអនុវត្តគម្រោងទៅខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភណ្ឌ និងក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាងរដ្ឋបាលក្រុងសិរីសោភណ្ឌ រដ្ឋបាលក្រុងប៉ោយប៉ែត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានការិយាល័យច្រកចេញចូលតែមួយ វិស័យឯកជន អង្គការសហគមន៍មូលដ្ឋាន យុវជនស្ម័គ្រចិត្ត សរុប ៤០នាក់។
គម្រោងនេះបានអនុវត្តរួចមកហើយនៅខេត្តបាត់ដំបង រួមមានស្រុកថ្មគោល ស្រុកបវេល ស្រុកម៉ោងឫស្សី ស្រុកកំរៀង និងក្រុងបាត់ដំបង។ គម្រោងនេះមានគោលបំណងដើម្បីពង្រឹងគណនេយ្យភាព និងការប្រើប្រាស់សេវាច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន ផ្តល់យោបល់ត្រឡប់លើសេវារដ្ឋបាលនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈស្តីពីអង្គភាពច្រកចេញចូលតែមួយ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុន។
