ព័ត៌មានលម្អិត

កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារធនាគារពិភពលោកអំពីវឌ្ឍនភាពការងារនៃការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិករបស់ធនាគារពិភពលោក

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នារសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារធនាគារពិភពលោកអំពីវឌ្ឍនភាពការងារនៃការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិករបស់ធនាគារពិភពលោក ក្រោមអធិបតីភាព និងដឹកនាំដោយ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងធនាគារពិភពលោក តំណាងរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលស្រុកស្អាង និងមន្ទីរពាក់ព័ន្ធនានា សរុបចំនួន១៦រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីស្តាប់ការរាយការណ៍វឌ្ឍនភាពការងារ និងពិនិត្យមើលផែនការសកម្មភាពនៃការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក។
ក្នុងកិច្ចប្រជុំនេះ លោកស្រី Katelijn តំណាងអោយក្រុមការងារធនាគារពិភពលោកបានធ្វើបទបង្ហាញនូវខ្លឹមសារសំខាន់ៗរួមមាន៖
១. ផែនការសកម្មភាពបន្ត ដើម្បីរៀបចំឯកសារគម្រោង និងដាក់ជូនក្រុមប្រឹក្សាភិបាលធនាគារពិភពលោក ក្នុងការអនុម័ត
២. សេចក្តីព្រាងហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោង និងការត្រៀមរៀបចំកិច្ចលទ្ធកម្មគម្រោង និង
៣. ការរៀបចំកិច្ចដំណើរការនៃការជ្រើសរើសទីតាំង ក្នុងការរៀបចំទីលានចាក់សំរាមក្នុងភូមិសាស្ត្រនៃខេត្តកណ្តាល។
ទន្ទឹមនេះ ក្រុមការងារធនាគារពិភពលោក ក៏បានពិភាក្សាបន្ថែមជាមួយរដ្ឋបាលខេត្តកណ្តាលអំពីការពិនិត្យការជ្រើសរើសទីតាំង សម្រាប់ការរៀបចំជាទីលានចាក់សំរាមក្នុងភូមិសាស្ត្រនៃខេត្តកណ្តាល ដោយក្រុមការងារបច្ចេកទេសនៃធនាគារពិភពលោក បានលើកសំណើតំបន់ចំនួន៤ ដែលមានលក្ខណៈស្របសមសម្រាប់រៀបចំជាទីលាន។
ជាការឆ្លើយតប តំណាងរដ្ឋបាលខេត្ត បានឯកភាពក្នុងការពិនិត្យលទ្ធភាពចុះសិក្សានៅក្នុងតំបន់ទី៣ និងប្តេជ្ញាចិត្តក្នុងការស្វែងរកទីតាំងចំនួន១បន្ថែមទៀត សម្រាប់ត្រៀមរៀបចំជាទីលានចាក់សំរាម ក្នុងករណីដែលតំបន់ទី៣ខាងលើ មិនអាចជ្រើសរើសយកមករៀបចំជាទីលានចាក់សំរាមបាន។
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានផ្តល់ការណែនាំជូនរដ្ឋបាលខេត្តកណ្តាល ចំនួន០២រួមមាន៖
១. រដ្ឋបាលខេត្តកណ្តាល ត្រូវបន្តស្វែងរកទីតាំងសមស្របឱ្យបានចំនួន២ទីតាំង សម្រាប់ត្រៀមរៀបចំជាទីលានចាក់សំរាម និងដើម្បីលើកសំណើមកក្រុមការងារបច្ចេកទេសនៃធនាគារពិភពលោក ក្នុងការចុះសិក្សា និងវាយតម្លៃបច្ចេកទេសផ្នែកបរិស្ថាន និងសង្គម។ ឯកឧត្តម អគ្គនាយក បានស្នើឱ្យរដ្ឋបាលខេត្តពន្លឿនការងារនេះ ឱ្យបានក្នុងអំឡុងខែសីហា ឆ្នាំ២០២២ ពោលគឺស្របនឹងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលានៃការរៀបចំគម្រោង។
២. រដ្ឋបាលខេត្តកណ្តាល គួររក្សាទុកទីលានចាក់សំរាមបច្ចុប្បន្ន ដើម្បីងាយស្រួលក្នុងការរៀបចំជាទីលានផ្ទេរសំរាមនាពេលអនាគត នៅពេលដែលទីលានចាក់សំរាមស្តង់ដារត្រូវបានរៀបចំរួច។

ព័ត៌មានថ្មីៗ

មតិយោបល់