ក្រសួងមហាផ្ទៃ៖ នារព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន រួមនិងមន្ត្រីពាក់ព័ន្ធបានជួបប្រជុំ Video Conference ជាមួយក្រុមការងារធនាគារពិភពលោក (World Bank) ដើម្បីបន្តពិភាក្សាអំពីគម្រោងនៃការធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះបានពិភាក្សាលើគោលបំណងសំខាន់ចំនួន៦មាន៖ ១-លទ្ធផលបណ្តោះអាសន្ននៃការវិភាគទិន្នន័យទីតាំងដែលមានភាពសមស្របសម្រាប់រៀបចំជាទីលានចាក់សំរាមនៅខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ២-សំណើកម្មវត្ថុចុងក្រោយ សូចនាករលទ្ធផល និងសកម្មភាពនានាក្រោមសមាសភាគនីមួយៗ ៣-សំណើរៀបចំការអនុវត្តចុងក្រោយសម្រាប់គម្រោងក្នុងចំណោមក្រសួងពាក់ព័ន្ធ ៤-តារាងចំណាយសម្រាប់សកម្មភាពលម្អិត ៥-សេចក្តីព្រាងក្របខ័ណ្ឌការគ្រប់គ្រងបរិស្ថាន និងសង្គម និងផែនការប្តេជ្ញាចិត្តគាំទ្របរិស្ថាន និងសង្គម និងការចូលរួមរៀបចំរបស់គាភីប្រឹក្សាយោបល់នានា ៦-កាលវិភាគសម្រាប់បញ្ចប់ការរៀបចំគម្រោងជាមួយក្រសួងមហាផ្ទៃ និងការសហការថ្នាក់ក្រសួង។ សូមបញ្ជាក់ជូនផងដែរថា ធនាគារពិភពលោកនឹងផ្តល់ឥណទានសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់ការអនុវត្តគម្រោងខាងលើនេះ ទៅក្រុង ស្រុកគោលដៅនៃខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។