ព័ត៌មានលម្អិត

កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួង ដើម្បីរៀបចំប្រកាសអន្តរក្រសួងក្នុងក្របខណ្ឌនៃការបែងចែកសមត្ថកិច្ចប្រមូលចំណូលរវាងក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត

ប្រភព: OWSO

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការីបានអញ្ជើញអមជាមួយឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួង ដើម្បីរៀបចំប្រកាសអន្តរក្រសួងក្នុងក្របខណ្ឌនៃការបែងចែកសមត្ថកិច្ចប្រមូលចំណូលរវាងក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Meeting) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ដែលមានសមាសភាពអ្នកចូលរួមសរុប១៦រូប។
អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវាសាធារណៈ និងប្រកាសអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ព្រមទាំងលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗទៀត។

ជាលទ្ធផល អង្គប្រជុំបានឯកភាពលើការងារចំនួន៤ ដែលត្រូវអនុវត្តបន្ត រួមមាន៖
១. ពន្លឿនការងាររៀបចំប្រកាសអន្តរក្រសួង និងលិខិតបទដ្ឋានខាងលើ ដោយបានឯកភាពគ្នាលើកាលបរិច្ឆេទពិនិត្យ និងផ្តល់យោបល់ ព្រមទាំងចាត់តាំងមន្ត្រីបច្ចេកទេសទទួលបន្ទុកក្នុងកិច្ចទំនាក់ទំនងការងារ
២. ប្រគល់ការងារជូនក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិភាក្សាឱ្យបានល្អិតល្អន់លើការពិនិត្យ និងកំណត់មុខសេវារដ្ឋបាលក្នុងវិស័យសុខាភិបាល ឱ្យស្របនឹងអនុក្រឹត្យលេខ១៩៣ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត អនុក្រឹត្យលេខ១៨ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត
៣. ស្នើឱ្យមានការពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី ខេត្ត និងមន្ទីរសុខាភិបាលលើឯកសារបទដ្ឋានខាងលើ បន្ទាប់ពីបញ្ចប់ការពិនិត្យ និងពិភាក្សាលើការរៀបចំកំណត់មុខសេវារដ្ឋបាលក្នុងវិស័យសុខាភិបាលដោយក្រុមការងារបច្ចេកទេសអន្តរក្រសួង និង
៤. ពិនិត្យឡើងវិញលើប្រកាសអន្តរក្រសួងស្តីពីការអនុញ្ញាតឱ្យសេវាសុខាភិបាលអនុវត្តការពិនិត្យ និងព្យាបាលជំងឺដោយយកកម្រៃខ្លះពីអ្នកជំងឺ និងការងារផ្សេងៗ។

ព័ត៌មានថ្មីៗ

មតិយោបល់