រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា(TIC) ក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងធ្វើតេស្តសាកល្បងលើកម្មវិធីទូរស័ព្ទដៃ (Mobile Application) សម្រាប់ទទួលបណ្តឹងរដ្ឋបាល និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ និងមានការចូលរួមពីតំណាងអង្គការតម្លាភាពកម្ពុជា(TIC) ទីប្រឹក្សាបច្ចេកទេសដែលគាំទ្រដោយអង្គការតម្លាភាពកម្ពុជា(TIC) និងលោក លោកស្រីមន្ត្រីជំនាញនៃនាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ឯកឧត្តមទីប្រឹក្សាក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីយន្តការការិយាល័យប្រជាពលរដ្ឋ ដែលជាយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ព្រមទាំងបង្ហាញអំពីមធ្យោបាយនានាដែលប្រជាពលរដ្ឋ និងអ្នកស្នើសុំសេវាអាចដាក់ពាក្យបណ្តឹងរដ្ឋបាល និងផ្តល់ព័ត៌មានផ្សេងៗមកកាន់ការិយាល័យប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកម្មវិធីទូរស័ព្ទដៃសម្រាប់ទទួលបណ្តឹងរដ្ឋបាល និងព័ត៌មានផ្សេងៗ ដែលកាន់តែបង្កភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការដាក់ពាក្យបណ្តឹងរដ្ឋបាល និងព័ត៌មានផ្សេងៗមកកាន់ការិយាល័យប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាបន្ថែមលើមធ្យោបាយដែលមានស្រាប់នាពេលបច្ចុប្បន្ន ។
ក្នុងកិច្ចប្រជុំនេះ ទីប្រឹក្សាបច្ចេកទេសដែលគាំទ្រដោយអង្គការតម្លាភាពកម្ពុជា(TIC) បានធ្វើបទបង្ហាញអំពីកម្មវិធីទូរស័ព្ទដៃសម្រាប់ទទួលបណ្តឹងរដ្ឋបាល និងព័ត៌មានផ្សេងៗ ព្រមទាំងមានការធ្វើតេស្តសាកល្បងកម្មវិធីទូរស័ព្ទដៃសម្រាប់ទទួលបណ្តឹងរដ្ឋបាល និងព័ត៌មានផ្សេងៗ និងមានការផ្តល់មតិយោបល់យ៉ាងផុលផុសរបស់ភាគីពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំនេះផងដែរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ ក៏បានស្នើសុំដល់ទីប្រឹក្សាបច្ចេកទេស សូមពន្លឿនការកែសម្រួលនូវចំណុចដែលបានឯកភាពនៅក្នុងកិច្ចប្រជុំ ដើម្បីក្រុមការងារអាចពិនិត្យបន្ថែម មុននឹងការសម្រេចដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធីទូរស័ព្ទនេះនៅតំបន់គោលដៅមួយចំនួនក្នុងពេលឆាប់ៗខាងមុខនេះ។