ព័ត៌មានលម្អិត

កិច្ចប្រជុំពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយគាំទ្រជីវភាពរស់នៅចំពោះក្មេងអាយុក្រោម១៨ឆ្នាំ ក្នុងគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក

ប្រភព: OWSO

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក(World Bank) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីស្វែងរកដំណោះស្រាយគាំទ្រជីវភាពរស់នៅចំពោះក្មេងអាយុក្រោម១៨ឆ្នាំ របស់គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តសៀមរាប នាយកទីចាត់ការអន្តរវិស័យ ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា អភិបាលក្រុងសៀមរាប អភិបាលស្រុកប្រាសាទបាគង ក្រុមការងារធនាគារពិភពលោក(World Bank) និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ១៧រូប។
កិច្ចប្រជុំពិគ្រោះយោបល់ ដែលមានរយៈពេលពេញមួយព្រឹក មានគោលបំណងដើម្បី៖
– កំណត់ចំនួនអ្នករើសសំរាមនៅទីលានចាក់សំរាមសរុបគិតត្រឹមខែមេសា ឆ្នាំ២០២២(ដោយបែងចែកតាមអាយុ ភេទ និងស្ថានភាពសេដ្ឋកិច្ចគ្រួសារ)
– កំណត់បញ្ហាដែលអ្នករើសសំរាមកំពុងជួបប្រទះ ព្រមទាំងយន្តការដោះស្រាយដែលសមស្រប និងអាចទទួលយកបាន និង
– កំណត់ពីផលប៉ះពាល់ជាអវិជ្ជមានចំពោះដំណោះស្រាយនីមួយៗ និងវិធីទប់ស្កាត់ ឬកាត់បន្ថយលើផលប៉ះពាល់ទាំងនោះ។

ព័ត៌មានថ្មីៗ

មតិយោបល់