News Detail

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃកាបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅថ្មីឆ្នាំ២០១៩

Published Date: October 10, 2019

Resource: OWSO

ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌគោលដៅថ្មីចំនួន៣២នឹងត្រូវបានរៀបចំបង្កើត​និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៩។ នេះជាប្រសាសន៍ ឯកឧត្តម ស៊ វរិន អគ្គនាយករង នៃ​អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងពិធីបើកកិច្ចប្រជុំ​ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃកាបោះឆ្នោត​ជ្រើសរើស​ប្រធានការិយាល័យប្រជាពលរដ្ឋ​ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅថ្មីឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអាគារ”S”ទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១០ខែតុលា​ឆ្នាំ២០១៩។

ឯកឧត្តមបញ្ជាក់ថា គិតមកទល់ពេលនេះ ការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្តទាំង២៥គោលដៅត្រូវបានបង្កើត និងដាក់ឱ្យដំណើរការរួចរាល់ហើយ។ ចំណែកការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវបានបង្កើតជាជំហ៊ានៗតាមដំណាក់កាលបានចំនួន៨៣ការិយាល័យរួចហើយ ដែលប្រធាន និងបុគ្គលិកការិយាល័យប្រជាពលរដ្ឋទាំងនោះ បានទទួលការបណ្តុះបណ្តាល និងកំពុងដំណើរការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។  សម្រាប់ឆ្នាំ២០១៩នេះ ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌថ្មីចំនួន៣២គោលដៅនឹងត្រូវបានបង្កើតបន្ថែមទៀត ដែលយើងកំពុងប្រជុំផ្សព្វផ្សាយអំពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋនាឱកាសថ្ងៃនេះ។

កិច្ចប្រជុំ​ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃកាបោះឆ្នោត​ជ្រើសរើស​ប្រធានការិយាល័យប្រជាពលរដ្ឋ​ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅថ្មីឆ្នាំ២០១៩ ចំនួន៣២គោលដៅត្រូវបានរៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន​ប្រធានក្រុមប្រឹក្សា គណអភិបាល ព្រមទាំងនាយករដ្ឋបាលនៃក្រុងចំនួន១ ស្រុកចំនួន២៩ និងខណ្ឌចំនួន២ សរុបចំនួនជាង៩៦រូប។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសេចក្តីណែនាំស្តីពី​នីតិវិធីនៃកាបោះឆ្នោត​ជ្រើសរើស​ប្រធានការិយាល័យប្រជាពលរដ្ឋ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់​ការិយាល័យ​ប្រជាពលរដ្ឋ និងការរៀបចំផែនការសកម្មភាពសម្រាប់ការរៀបចំបង្កើតការិយាល័យប្រជាពលរដ្ឋដល់ថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌគោលដៅថ្មីឆ្នាំ២០១៩ ទាំង៣២គោលដៅ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ស៊ វរិន មានប្រសាសន៍ថា ការិយាល័យប្រជាពលរដ្ឋគឺជាយន្តការអព្យាក្រឹត្យមួយ​សម្រាប់ទទួល និងសម្រុះ​ស​ម្រួ​លដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ ដែលមិនពេញចិត្តនឹងការធ្វើសេចក្តីសម្រេច ឬការបំពេញការងាររបស់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ការិយាល័យនេះគឺជាតំណាងរបស់ប្រជាពលរដ្ឋដែលមានប្រធានការិយាល័យកើតចេញ​ពី​ការបោះឆ្នោត​​ដោយគណៈកម្មាធិការ​បោះឆ្នោត​មួយ ដែល​មាន​សមាជិកមកពីក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌទាំងអស់ តំណាងក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងអាជីវករ និងតំណាងអង្គការសង្គមស៊ីវិ​​ល​នៅមូលដ្ឋាន។

ឯកឧត្តមបញ្ជាក់ថា ការិយាល័យនេះមិនត្រឹមតែមានតួនាទីជាអ្នកផ្សះផ្សារវិវាទរវាងប្រជាពលរដ្ឋ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌប៉ុណ្ណោះទេ តែការិយាល័យនេះថែមទាំងជួយកសាង​ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋបាលក្រុង ស្រុក ខណ្ឌទៀតផង។

នៅទីបញ្ចប់ ឯកឧត្តមបានណែនាំដល់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំង៣២គោលដៅថ្មី ឱ្យមានការយកចិត្តទុកដាក់ ដើម្បីទទួលបាន​ចំណេះដឹង​អំពីកិច្ចប្រជុំនេះ និងស្វែងយល់ឱ្យបានច្បាស់អំពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងស្របតាមក្របខណ្ឌពេលវេលាដែលបានកំណត់។

Recently News