ព័ត៌មានលម្អិត
កិច្ចប្រជុំប្រជុំវាយតម្លៃការធ្វើបទបង្ហាញការពារសំណើសុំរថយន្តដឹកសំរាមរបស់រដ្ឋបាលក្រុង ស្រុកបេក្ខភាពទាំង២០
ថ្ងៃចេញផ្សាយ: January 11, 2023
ប្រភព: OWSO
ក្រសួងបរិស្ថាន៖ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋាន មុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមកិច្ចប្រជុំប្រជុំវាយតម្លៃការធ្វើបទបង្ហាញការពារសំណើសុំរថយន្តដឹកសំរាមរបស់រដ្ឋបាលក្រុង ស្រុកបេក្ខភាពទាំង២០ ដែលរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មន្ទីរបរិស្ថាន និងតំណាងរដ្ឋបាលក្រុង ស្រុកគោលដៅទាំង២០ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៨៥នាក់។
នៅក្នុងកិច្ចប្រជុំនេះ តំណាងរដ្ឋបាលក្រុង ស្រុកសាមីនីមួយៗ ត្រូវធ្វើបទបង្ហាញដើម្បីការពារសំណើសុំរថយន្តដែលរដ្ឋបាលក្រុង ស្រុកគោលដៅបានដាក់ពាក្យស្នើសុំមកក្រសួងបរិស្ថានតាមរយៈមន្ទីរបរិស្ថានខេត្ត។
រដ្ឋបាលក្រុង ស្រុកទាំង២០គោលដៅ រួមមាន៖ ស្រុកភ្នំស្រុក ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកកោះសូទិន ស្រុកគងពិសី ស្រុកតាំងគោក ស្រុកសន្ទុក ស្រុកបារាយណ៍ ស្រុកទឹកឈូ ស្រុកពញាឮ ស្រុកឆ្លូង ស្រុករវៀង ស្រុកក្រគរ ស្រុកបកែវ ស្រុកស្រីស្នំ ស្រុកថាឡាបរិវ៉ាត់ ស្រុកចុងកាល់ ស្រុកដំណាក់ចង្អើរ ក្រុងបាវិត និងក្រុងប៉ៃលិន។
គួរបញ្ជាក់ផងដែរថា កន្លងមក ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាមចំនួន៦២គ្រឿង រថយន្តដឹកសំរាមចំនួន ៧៨គ្រឿង ម៉ូតូកង់បីចំនួន ១១៨គ្រឿង សម្រាប់គាំទ្រដល់រដ្ឋបាលក្រុង ស្រុក សម្រាប់គាំទ្រការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ហើយគ្រោងនឹងបន្តការផ្តល់ជូនបន្ថែមទៅគោលដៅផ្សេងៗទៀត នាពេលខាងមុខ។
