ព័ត៌មានលម្អិត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

ប្រភព: OWSO

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅសាលាខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តម ស៊ វរិន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងដែលមានសមាសភាពអញ្ជើញចូលរួមពីតំណាងនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នាយករដ្ឋបាលរាជធានី ខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត សរុប ៦៥នាក់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ១.) ការបង្ហាញពីលទ្ធផលនៃការផ្តល់សេវារដ្ឋបាលនៅក្នុងឆ្នាំ២០២០ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ២.) ការចែករំលែកបទពិសោធន៍នៃការអនុវត្តការងាររបស់អង្គភាពច្រកចេញចូលតែមួយ ៣.) ការជជែកពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមមួយចំនួន និង ៤.) លើកទិសដៅសកម្មភាពការងារសំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២១។

ក្នុងពិធីបិទកិច្ចប្រជុំ អង្គប្រជុំមានកិត្តិយសដោយបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។ ឯកឧត្តម ប្រាក់ សំអឿន បានថ្លែងចំណាប់អារម្មណ៍ និងកោតសរសើរចំពោះការចូលរួមដ៏មានតម្លៃរបស់អស់លោក លោកស្រី ក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានផ្តល់មតិផ្តាំផ្ញើមួយចំនួន និងបានប្រកាសបិទកិច្ចប្រជុំនារសៀលថ្ងៃដដែល។

 

ព័ត៌មានថ្មីៗ

មតិយោបល់