នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំដើម្បីបង្ហាញលទ្ធផលនៃការអនុវត្តគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ (USAID-OW4C)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងក្រុមការងារគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ (USAID-OW4C)សរុបចំនួន១០រូប។
ផ្អែកតាមផែនការសកម្មភាពរបស់ខ្លួន គម្រោងUSAID-OW4C បានចុះអនុវត្តនៅមូលដ្ឋានក្រុង ស្រុកគោលដៅចំនួន០៥ក្នុងខេត្តបាត់ដំបងរយៈពេល០១ឆ្នាំកន្លងមកហើយ ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ដោយឡែកសម្រាប់ឆ្នាំ២០២១នេះ ដើម្បីបន្តពង្រីកទៅកាន់ខេត្តគោលដៅផ្សេងៗទៀត ថ្នាក់ដឹកនាំនៃគម្រោង បានសុំការអនុញ្ញាត ដើម្បីធ្វើបទបង្ហាញអំពីលទ្ធផលនៃការអនុវត្តគម្រោងរយៈពេល០១ឆ្នាំកន្លងមក ព្រមទាំងស្វែងរកការពិគ្រោះយោបល់ និងការណែនាំតម្រង់ទិសពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋាន ដើម្បីធ្វើអោយការអនុវត្តគម្រោងនៅឆ្នាំបន្តបន្ទាប់ទៀតកាន់តែទទួលបានលទ្ធផលជោគជ័យកាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា គម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ (USAID-OW4C) ត្រូវបានបង្កើតឡើង ដើម្បីបង្កើនការយល់ដឹង និងការមកទទួលសេវារបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្តល់មតិយោបល់ត្រឡប់ពីប្រជាពលរដ្ឋ លើសេវារដ្ឋបាលដែលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយ ពិសេសតាមរយៈប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា។ គម្រោងនេះមានរយៈពេល០៣ឆ្នាំ ដែលអនុវត្តដោយ ក្រុមហ៊ុន នីកូលក្លូបលសូលូសិន(Nickol Global Solution) ក្រុមហ៊ុនអ៊ីនស្តែត (InSTEDD)និងអង្គការតស៊ូមតិ និងគោលនយោបាយ(API)ដោយទទួលបានការគាំទ្រជំនួយឧបត្ថម្ភពីទីភ្នាក់ងារដើម្បីអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិច(USAID)។