News Detail
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាល ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
Resource: OWSO
ក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាលប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត តាមប្រព័ន្ធវីដេអូ Zoom ត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត សរុបប្រមាណជាង៤៥រូប។
កិច្ចប្រជុំរយៈពេល១ថ្ងៃនេះ រៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលដើម្បីពិនិត្យលទ្ធផលការងារ និងពិសេសដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងអោយទាន់ពេលវេលា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយឱ្យបានល្អប្រសើរ។
កិច្ចពិធីបើកកិច្ចប្រជុំ សមាជិកសមាជិកានៃកិច្ចប្រជុំទាំងមូលបានស្តាប់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។ បន្ទាប់មកក៏មានការបង្ហាញពីលទ្ធផលការងារប្រចាំឆមាសទី១ដោយលោក អុឹង កែវរតនៈ អនុប្រធាននាយកដ្ឋាន ព្រមទាំងបទបង្ហាញអំពីលទ្ធផល និងបទពិសោធន៍នៃការអនុវត្តការងារផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។
កិច្ចប្រជុំក៏បានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗនៅក្នុងការអនុវត្តការងារផ្តល់សេវា និងបានពិភាក្សាយ៉ាងផុសផុលលើប្រធានបទចំនួន០៣គឺ
១. ការចាប់ផ្តើមផ្តល់សេវាតាមប្រព័ន្ធអនឡាញ
២. បញ្ហាប្រឈមនៃការផ្តល់សេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន
៣. បញ្ហាប្រឈមនៃការផ្តល់សេវាក្នុងវិស័យរៀបចំដែនដី និងសំណង់
ចុងក្រោយ កិច្ចប្រជុំក៏បានផ្តល់ឪកាសដល់សមាជិកសមាជីកាដែលជាប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តទាំង២៥រាជធានី បានពិភាក្សាបញ្ហាប្រឈម និងដំណោះស្រាយនានា ដែលដឹកនាំកិច្ចពិភាក្សាដោយលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
