ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន រួមទាំងសមាជិកក្រុមការងារគម្រោងពាក់ព័ន្ធការងារកែទម្រង់បែបឌីជីថលរបស់ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកម្មវិធីអភិឌ្ឍសមត្ថភាព និងទស្សនកិច្ចសិក្សានៅសាធារណៈសិង្ហបុរី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាព និងទស្សនកិច្ចនៅសាធារណៈសិង្ហបុរីនេះ មានក្រុមការងារគម្រោងរបស់ក្រសួងចំនួន០៦ដែលបានចូលរួម រួមមាន៖ ១.ក្រសួងមហាផ្ទៃ ២.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៤.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៥.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង៦.ក្រសួងមុខងារសាធារណៈ(សាលាភូមិន្ទរដ្ឋបាល)។
សូមបញ្ជាក់ជូនថា កន្លងមក ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងមូលនិធិ Temasek អន្តរជាតិ ដោយមានសាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរីដែលជាអង្គភាពប្រតិបត្តិ បានរៀបចំកម្មវិធីគាំទ្រការអភិវឌ្ឍន៍សមត្ថភាពបន្ថែមជូនក្រុមការងាររបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្រុមការងារដែលជាអ្នកអនុវត្តគម្រោងកែទម្រង់ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល។ ក្នុងនោះផងដែរ ក្រុមការងាររបស់ក្រសួងមហាផ្ទៃ ក៏បានរៀបចំដាក់ស្នើគម្រោងមួយ និងបានជាប់នៅក្នុងគម្រោងដែលបានសម្រេចជ្រើសរើសដោយសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ។
គម្រោងរបស់ក្រុមការងារក្រសួងមហាផ្ទៃ គឺមានឈ្មោះថា កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ “Management Information system for one window service mechanism” ។