ព័ត៌មានលម្អិត

ពិធីបើកវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់កម្មវិធីទូរសព្ទដៃ«មតិយើង»របស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ

ថ្ងៃចេញផ្សាយ: October 16, 2026

ប្រភព: OWSO

ពិធីបើកវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់កម្មវិធីទូរសព្ទដៃ«មតិយើង»របស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ
ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២៦ លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់កម្មវិធីទូរសព្ទដៃ«មតិយើង»របស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការងនៃគ.គ.ស នៅសាលប្រជុំសាលាខេត្តកំពត។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពត លោកប្រធានអង្គភាពច្រកចេញចូលតែមួយ លោកស្រីអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត តំណាងកម្មវិធីISD/GIZ លោក លោកស្រីប្រធាន និងជំនួយការការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌសរុបចំនួន ៨៥រូប។
វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់លោក លោកស្រីប្រធាន និងជំនួយការការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលក្រុងចំនួន៣៣ និងរដ្ឋបាលខណ្ឌចំនួន១៤ អំពីការប្រើប្រាស់ កម្មវិធីទូរសព្ទដៃ«មតិយើង»ដែលជាមធ្យោបាយថ្មីមួយសម្រាប់ទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គនាយករងបានគូសបញ្ជាក់អំពីកម្មវិធីទូរសព្ទដៃ «មតិយើង» ដែលត្រូវបានរៀបចំឡើងសម្រាប់ទទួលបណ្ដឹង និងព័ត៌មានផ្សេងៗពីប្រជាពលរដ្ឋ និងជួយនៅក្នុងការតាមដានការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋតាមប្រព័ន្ធឌីជីថល។ ទន្ទឹមនេះ កម្មវិធីទូរសព្ទដៃ «មតិយើង» ក៏ជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សេងៗទៀតក្រៅពីការទទួលពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗតាមរយៈ ជួបផ្ទាល់ ទូរសព្ទ ប្រអប់សំបុត្រ និងប្រព័ន្ធអេឡិចត្រូនិច។

ព័ត៌មានថ្មីៗ

មតិយោបល់