ព័ត៌មានលម្អិត

វគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃស្ដីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ថ្ងៃចេញផ្សាយ: June 20, 2025

ប្រភព: OWSO

ខេត្តកំពង់ចាម៖ នាថ្ងៃទី១៩ និងទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានទទួលការគាំទ្រ និងសហការជាមួយអង្គការ GIZ តាមរយៈកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD) បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅនៃខេត្តចំនួន៥ គឺខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអគ្គលេខាធិការរង គ.ស.ស. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ផេន សុផល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងមន្រ្ដីបច្ចេកទេសរបស់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងលោក-លោកស្រីអភិបាលរងស្រុក លោក-លោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក មន្រ្តីទទួលបន្ទុកការងារបេឡា និងមន្ត្រីទទួលបន្ទុកការងារទទួល-ប្រគល់ឯកសារ សរុបប្រមាណ១២០រូប។
សូមគូសបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ មានការធ្វើបទបង្ហាញរបស់ក្រុមការងារបច្ចេកទេសអំពីកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ និងការចែករំលែកបទពិសោធពីលោក អ៊ឹង ទី ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្ដល់សេវានៅច្រកចេញចូលតែមួយ។
ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានការធ្វើបទបង្ហាញពាក់ព័ន្ធនឹងការធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ លោកប្រធាននាយកដ្ឋានបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាល ពិសេសវត្តមាន និងការចូលរួមយ៉ាងសកម្មពីសិក្ខាកាមទាំងអស់។ ជាចុងក្រោយ លោកប្រធានបានធ្វើការផ្ដាំផ្ញើដល់រដ្ឋបាលស្រុកទាំង២៨គោលដៅ ត្រូវពិនិត្យ និងរៀបចំសម្ភារៈបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអុីនធឺណិតអោយបានសមស្របតាមតម្រូវការសម្រាប់កម្មវិធីព័ត៌មានវិទ្យានេះ ព្រមទាំងធ្វើការផ្សព្វផ្សាយបន្តនូវវគ្គបណ្តុះបណ្តាលនេះជូនដល់មន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធានាការអនុវត្តកម្មវិធីនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

   

ព័ត៌មានថ្មីៗ

មតិយោបល់