ព័ត៌មានលម្អិត

លោក អុឹង កែវរតនៈ អញ្ជើញបើកវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ វគ្គទី២

ថ្ងៃចេញផ្សាយ: July 24, 2025

ប្រភព: OWSO

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំសាលាខេត្តតាកែវ។
នៅក្នុងពិធីបើកវគ្គតម្រង់ទិសនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពី លោក លី សាវេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ​ លោក លោកស្រី ប្រធាន បុគ្គលិកជំនួយការរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ចំនួន៦៨គោលដៅ និងអ្នកពាក់ព័ន្ធសរុបចំនួន១១២នាក់។
វគ្គតម្រង់ទិសវគ្គទី២នេះនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពប្រធាន និងបុគ្គលិកជំនួយការរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗក្នុងការកត់ត្រា តាមដាន និងគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗដែលទទួលបានពីប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ។
សូមបញ្ជាក់ដែរថា​ វគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ វគ្គទី១​ គឺប្រព្រឹត្តទៅនៅថ្ងៃទី១៦​ ដល់ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៥​ នៅសាលាខេត្តបន្ទាយមានជ័យ​ ដែលមានការិយាល័យប្រជាពលរដ្ឋចំនួន​ ៦៦គោលដៅ​ និងសមាសភាពពាក់ព័ន្ធចូលរួមសរុបចំនួន​ ១០៣នាក់។

ព័ត៌មានថ្មីៗ

មតិយោបល់