ព័ត៌មានលម្អិត
ពិធីបើកវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត
ថ្ងៃចេញផ្សាយ: February 10, 2026
ប្រភព: OWSO
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការងនៃគ.គ.ស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តនៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ពិធីបើកវគ្គនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ឹម លីម៉េង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ លោក លោកស្រីប្រធានផែ្នកទាំងពីររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន សរុបចំនួន១២០រូប។
ក្នុងឱកាសនោះ ឯកឧត្តម បួន ហេង បានមានប្រសាសន៍បញ្ជាក់អំពីគោលបំណងនៃវគ្គតម្រង់ទិស ព្រមទាំងសាវតានៃការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹងនិងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរសព្ទដៃ។
ឯកឧត្តមក៏បានផ្តល់ការណែនាំដល់ប្រធានអនុប្រធានការិយាល័យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត សម្រាប់ធ្វើការកត់ត្រាបណ្ដឹង និងព័ត៌មានផ្សេងៗអោយបានត្រឹមត្រូវ។
ជាចុងក្រោយ ឯកឧត្តម បានស្នើប្រធាន អនុប្រធាន និងបុគ្គលិករបស់ការិយាល័យប្រជាពលរដ្ឋទាំងអស់ សូមចូលរួមឱ្យបានពេញលេញក្នុងវគ្គរយៈពេលពីរថ្ងៃនេះ និងយកចិត្តទុកដាក់ស្ដាប់បទបង្ហាញ ចូលរួមចែករំលែកបទពិសោធ និងចោទសួរជាសំណួរ ឬលើកឡើងជាសំណូមពរនានាឱ្យបានផុសផុល ដើម្បីឱ្យមានភាពច្បាស់លាស់សម្រាប់ការអនុវត្តប្រើប្រាស់កម្មវិធីនេះនៅតាមការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត រៀងៗខ្លួន។

