ព័ត៌មានលម្អិត

កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះនៅរដ្ឋបាលរាជធានី ខេត្ត

ថ្ងៃចេញផ្សាយ: January 28, 2026

ប្រភព: OWSO

រាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការចុះបញ្ជីគម្រោងវិនិយោគឯកជននៅរដ្ឋបាលរាជធានី ខេត្ត (ទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះ)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលរាជធានី ខេត្ត សរុបប្រមាណ ១៣០រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ការគាំទ្រ និងពង្រឹងប្រសិទ្ធភាពនៃការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះនៅរដ្ឋបាលរាជធានី ខេត្ត សំដៅធានាដល់ការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវស្មារតីលិខិតបទដ្ឋានដែលបានដាក់ចេញ។ 

ការសម្រេចដាក់ចេញនូវការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះនៅរដ្ឋបាលរាជធានី ខេត្ត គឺជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតាមបណ្ដារាជធានី ខេត្ត តាមរយៈការទាក់ទាញវិនិយោគិនឱ្យមកបោះទុនវិនិយោគនៅតាមបណ្ដារាជធានី ខេត្ត ស្របតាមតម្រូវការ និងសក្ដានុពលដែលមានស្រាប់នៅក្នុងតំបន់នីមួយៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

  

 

ព័ត៌មានថ្មីៗ

មតិយោបល់