ព័ត៌មានលម្អិត

ឯកឧត្តម ចាន់ សុធា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្ដីពីការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃចេញផ្សាយ: May 5, 2025

ប្រភព: OWSO

ឯកឧត្តម ចាន់ សុធា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្ដីពីការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ………………………. ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំអគារ S ក្រសួងមហាផ្ទៃ មានរៀបចំពិធិបើកសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្ដីពីការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ប្រធានការិយាល័យច្រកចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណជាង៥៥០រូប។ សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្ដីពីការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែឧសភាព ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤របស់យន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងចែករំលែកបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងការអនុវត្តការងារផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋជុំវិញការផ្តល់សេវារដ្ឋបាល ដោយការិយាល័យប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា សិក្ខាសាលានេះក៏ជាវេទិកាសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ ពិភាក្សាអំពីបញ្ហាប្រឈម ឬលើកឡើងជាសំណូមពរនានា ជុំវិញការផ្ទេមុខងារ ធនធានដល់ថ្នាក់ក្រោមជាតិ ដើម្បីពង្រីក និងពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាចុងក្រោយ ឯកឧត្តមបានស្នើសុំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលមានវត្តមានក្នុងសិក្ខាសាលានេះ សូមចូលរួម និងខិតខំជជែកពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយនានា ដែលលទ្ធផលនៃសិក្ខាសាលានេះនឹងក្លាយជាធាតុចូលយ៉ាងសំខាន់សម្រាប់ក្រសួងមហាផ្ទៃ ក៏ដូចជា លេខាធិការដ្ឋាន គ.ជ.អ.ប បន្តពង្រឹង និងកែលម្អលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ថ្មីៗដើម្បីអោយការអនុវត្តកាន់តែមានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព។

ព័ត៌មានថ្មីៗ

មតិយោបល់