ព័ត៌មានលម្អិត
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយ
ថ្ងៃចេញផ្សាយ: February 3, 2026
ប្រភព: OWSO
ខេត្តកំពង់ចាម៖ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយជូនរដ្ឋបាលស្រុកចំនួន៩ នៃខេត្តកំពង់ចាម។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ស្រី សុភ័ក្រ អភិបាលរងខេត្តកំពង់ចាម ដោយមានការចូលរួមពី តំណាងធនាគារជាតិ នៃកម្ពុជា អភិបាលរងស្រុក ប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្រ្តីពាក់ព័ន្ធសរុប ៧៥រូប។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីធានាថា កម្មវិធីព័ត៌មានវិទ្យានេះអាចដំណើរការបានដោយរលូននៅរដ្ឋបាលស្រុកគោលដៅខាងលើ មុននឹងអាចបន្តពង្រីកការអនុវត្តនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងក្របខ័ណ្ឌទូទាំងប្រទេសផងដែរ។
សូមបញ្ជាក់ដែរថា តាមរយៈកម្មវិធីព័ត៌មានវិទ្យានេះ ប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យស្នើសុំសេវារបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើដំណើរមកដាក់ពាក្យស្នើសុំសេវា និងបង់កម្រៃសេវាដោយផ្ទាល់នៅការិយាល័យច្រកចេញចូលតែមួយឡើយ ដែលចំណុចនេះនឹងចូលរួមចំណែកសន្សំទាំងពេលវេលា ទាំងថវិកា ព្រមទាំងកាត់បន្ថយហានិភ័យនៃការធ្វើដំណើរជូនប្រជាពលរដ្ឋផងដែរ។
កម្មវិធីព័ត៌មានវិទ្យានេះត្រូវបានអនុញ្ញាតឱ្យមានការទទួលសេវាតាមប្រព័ន្ធអនឡាញលើប្រភេទសេវាចំនួន៩សេវា ក្នុងវិស័យចំនួន៣ សម្រាប់ការអនុវត្តសាកល្បង រួមមាន៖
១. ការងារនីត្យានុកូលកម្ម (ចំនួន៣សេវា) រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ
២. ការងារអត្រានុកូលដ្ឋាន (ចំនួន៣សេវា)៖ សេចក្ដីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ និងសេចក្ដីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព
និង
៣. វិស័យទេសចរណ៍ (ចំនួន៣សេវាចំពោះសេវាអាជ្ញាប័ណ្ណផ្ទះសំណាក់ចាប់ពី០៨បន្ទប់ចុះក្រោម)៖ ការស្នើសុំបើកថ្មី ការស្នើសុំបន្តសុពលភាព និងការស្នើសុំប្តូរម្ចាស់។
ដើម្បីស្នើសុំសេវារដ្ឋបាលទាំងនេះតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយនៃគោលដៅដែលបានដាក់អនុវត្តសាកល្បងខាងលើបាន សូមចូលទៅកាន់គេហទំព័រ https://onlinedmk.owso.gov.kh
