រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយពាណិជកម្មគ្រប់ប្រភេទនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ដឹកដោយឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្រ្តីស្ដីទីក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ២៥រូប។
កិច្ចប្រជុំនេះមានគោលបំំណងពិនិត្យ និងផ្តល់យោបល់កែសម្រួលលើខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យនេះដើម្បីឱ្យស្របតាមស្ថានភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។
ជាលទ្ធផល កិច្ចប្រជុំបានផ្តល់យោបល់កែសម្រួលខ្លឹមសារលើមាត្រាមួយចំនួន និងស្នើឱ្យបន្ថែមជំពូកមួយចំនួនក្នុងករណីចាំបាច់ ដើម្បីឱ្យងាយស្រួលយកទៅអនុវត្តតាមស្ថានភាពជាក់ស្តែង។
ជាទិសដៅបន្ត ក្រុមការងារនឹងរៀបចំបន្តកែសម្រួលសេចក្តីព្រាងអនុក្រឹត្យនេះ ព្រមទាំងរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។