អំពីនាយកដ្ឋានមុខងារ និងធនធាន


ដោយផ្អែកទៅតាមការរីកចម្រើនថ្មីៗនៃកំណែទម្រង់រដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជា នាយកដ្ឋាន មុខងារ និងធនធាន ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ២៦៤ អនក្រ.បក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ នាយកដ្ឋាននេះ មាន តួនាទីធ្វើជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហា​ផ្ទៃ​​លើការងារផ្ទេរមុខងារ ធនធាន និងគាំទ្រ ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ ដោយរួមទាំងបន្តការគាំទ្រនិរន្តរភាពនៃការផ្ដល់សេវារដ្ឋបាល របស់ការិយា​ល័យ​​ច្រកចេញ​ចូលតែមួយ និងការិ​យា​ល័យប្រជាពលរដ្ឋផងដែរ។

តួនាទី និងបេសកកម្មចម្បងៗ

ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការបង្ខិតសេវាឱ្យទៅកៀកជិតប្រជាពលរដ្ឋ តាម​នីតិវិធីសាមញ្ញ មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព គឺជាគោលដៅចម្បង និងជាអាទិភាពរបស់​នាយកដ្ឋាន​មុខងារ និងធនធាន ហើយក៏ជាសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋផងដែរ។​

នាយកដ្ឋាន​មុខងារ និងធនធាន មានតួនាទី និងបេសកកម្មចម្បងៗ ដូចខាងក្រោម ៖

  • រៀបចំក្របខណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានាសម្រាប់ការផ្ទេរមុខងារ និង​ធន​ធាន​ឲ្យទៅ​ដល់​​​រដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត យន្តការ បែបបទ និង​នីតិ​វិ​ធី​​​​សម្រា​ប់​​គាំទ្រ​ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សម្របសម្រួល និងគាំទ្រក្រសួង ស្ថាប័នក្នុងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានដល់​រដ្ឋ​បា​ល​​ថ្នាក់​ក្រោមជាតិ
  • តាមដាន និងត្រួតពិនិត្យការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានា​គោល​ការណ៍​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងការចូលរួម​របស់​ប្រជាពល​រដ្ឋ
  • សហការរៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញមុខងារ​ដែលបានផ្ទេរទៅឲ្យ​រដ្ឋ​បា​ល​​ថ្នាក់ក្រោមជាតិ
  • សិក្សា និងរៀបចំយន្តការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ធ្វើការសម្រុះសម្រួល និង​ដោះស្រាយពាក្យ​បណ្ដឹងនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងគាំទ្រលើយន្តការនៃការសម្រុះសម្រួល និងដោះស្រាយ​ពាក្យ​បណ្ដឹងនានា​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

 នាយកដ្ឋាន​មុខងារ និងធនធានមានរចនាសម្ព័ន្ធដូចខាងក្រោម៖

  • ការិយាល័យរដ្ឋបាល
  • ការិយាល័យមុខងារ និងធនធាន
  • ការិយាល័យកិច្ចការច្រកចេញចូលតែមួយ
  • ការិយាល័យត្រួតពិនិត្យ និងតាមដាន