ប្រវត្តិការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ


PDM1

ការលើកកម្ពស់សេវាសាធារណៈ តាមរយៈការបង្ខិតសេវាឲ្យទៅកៀកជិតប្រជាពលរដ្ឋ តាមនីតិវិធី​សាមញ្ញ មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព គឺជាគោលបំណងចម្បង និងជាអាទិភាពរបស់​រាជរដ្ឋាភិបាល ហើយក៏ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋផងដែរ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងការគាំទ្រពី​ដៃគូអភិវឌ្ឍ បានសម្រេចបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋតាមថ្នាក់​ក្រុង ស្រុក ខណ្ឌ។

ជំហានតំបូង ការិយាល័យ​ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបានបង្កើតឡើង​នៅ​​ស្រុក​​សៀមរាប និងស្រុកបាត់ដំបង តាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៧​ សសរ ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០០៣   ដោយគម្រោង​សាកល្បងដែលគាំទ្រថវិកាពីគម្រោងនគរូបនីយកម្មអាស៊ីទី១ (Asia Urb) សហការឧបត្ថម្ភ​ដោយ​សហគមន៍អឺរ៉ុប ក្នុងឆ្នាំ២០០៤ ដល់​ឆ្នាំ២០០៨។

ការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយា​ល័យប្រជាពលរដ្ឋ ទទួលបាន​​ការ​គាំទ្រ និង​ការពេញចិត្តយ៉ាងច្រើនពីសំ​ណាក់ប្រជាពល​រដ្ឋ អាជ្ញាធរមូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ទទួលបាន​ការ​គាំទ្រផ្នែកគោលនយោ​បាយ និងបច្ចេកទេសពីក្រសួង ស្ថាប័នពាក់​ព័ន្ធនានា​នៅថ្នាក់​ជាតិ និងថ្នាក់​ក្រោម​ជាតិ។ ជាពិសេស គម្រោងការិយាល័យច្រកចេញចូលតែមួយនេះ ត្រូវបានគាំទ្របន្តដោយ​គម្រោង​អភិបាលកិច្ចល្អ​មូលដ្ឋាន ​ក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោក និងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​​កម្ពុជាពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៤ ដើម្បីបន្តពង្រីកការិយាល័យទាំងពីរនេះនៅក្នុង​ក្រុងចំនួន២៤ ស្រុកចំនួន០២ និងខណ្ឌ​ចំនួន០៨​ នៃរាជធានីភ្នំពេញ រួមទាំងបង្កើតសាកល្បងនូវមជ្ឈ​មណ្ឌ​លព័ត៌មាន​ប្រ​ជា​​ព​ល​រដ្ឋចំនួន​៥​កន្លែង នៅក្រុង​ចំនួន៤និងខណ្ឌចំនួន១គឺ ៖ ក្រុងសិរីសោ​​​​​ភ័ណ ក្រុ​ងព្រៃវែង ក្រុងកំពង់ចាម ក្រុងស្វាយរៀង និងខណ្ឌសែនសុខ។​​​​​​

ក្នុងក្របខ័ណ្ឌជាគម្រោង គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនតាមបែបប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិ (គ.ជ.អ.ប.) ជាអ្នកគ្រប់គ្រងគម្រោងរួម និងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ ជា​អ្នកគ្រប់គ្រង​គម្រោងដោយផ្ទាល់។ ជាមួយគ្នានេះដែរ គ.ជ.អ.ប. ក៏សម្រេចបង្កើតក្រុមពិគ្រោះយោបល់បច្ចេកទេស​អន្តរក្រសួង តាមរយៈសេចក្តីសម្រេចលេខ ០៣៨ សសរ ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០០៨ ដែលមាន​សមាសភាពជាតំណាង​ថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នដែល​បាន​ធ្វើប្រតិភូកម្ម​មុខងារ​មករដ្ឋបាលក្រុង ស្រុក ខណ្ឌដែលមាន​ការិយាល័យ​​ច្រកចេញចូលតែមួយ ដើម្បីផ្តល់យោបល់ផ្នែក​គោលនយោបាយដល់ការអនុវត្ត​គម្រោង និង ក្រុម​គាំទ្រក្រុង​ ស្រុក ខណ្ឌ តាមរយៈសេចក្តីសម្រេចលេខ០០៨ សសរ ចុះថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៨ ដែលមាន​សមាសភាពមកពីមន្ត្រីនៃនាយកដ្ឋាន​ពាក់ព័ន្ធនានាចំណុះក្រសួង​មហាផ្ទៃ ដើម្បីគ្រប់គ្រង និងគាំទ្រការ​អនុវត្ត​គម្រោង​ជាប្រចាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ដើម្បីធានានិរន្តរភាពនៅពេលគម្រោងការិយាល័យច្រកចេញចូលតែមួយបានបញ្ចប់  ក្រសួងមហាផ្ទៃ​បានបង្កើត​ការិយាល័យកិច្ចការច្រកចេញចូលតែមួយចំណុះអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន តាមរយៈ​​ប្រកាស​លេខ៤៩៥៩​ប្រក ចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១២ ដើម្បីគ្រប់គ្រង និងគាំទ្រការអនុវត្តការងាររបស់​ការិយាល័យ​ច្រកចេញចូល​តែមួយ និងការិយាល័យប្រជាពលរដ្ឋ។​

បន្ទាប់ពីគម្រោងបានបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត នាយកដ្ឋាន​មុខងារ និងធនធាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តាមរយៈអនុក្រឹត្យលេខ ២៦៤ អនក្រ.បក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ដើម្បីបន្តការគាំទ្រនិរន្តរភាពនៃ​ការ​ផ្ដល់សេវារដ្ឋបាលរបស់ការិយា​ល័យ​​ច្រក​ចេញ​​ចូល​តែមួយ និងការិ​យា​ល័យប្រជាពលរដ្ឋ រួមទាំងគាំទ្រការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាល​ថ្នាក់ក្រោម​ជាតិទាំងមូលផងដែរ។