វគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ

November 6, 2017  

23132104_1731555890197586_5644060479428409876_n 22851908_1724013097618532_6311272530740973766_n 23131861_1725386264147882_8588398447351520704_n 22852263_1725385164147992_2708372304351610299_n 22852204_1725385287481313_4928897863844018293_nវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៃស្រុកគោលដៅថ្មីសម្រាប់ឆ្នាំ២០១៧ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការប្រតិបត្តិការជាមួយគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EUDAR) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១​ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារខេមរា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងស្រុក ប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្ត្រីជួរមុខ ជួរក្រោយការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៃស្រុកគោលដៅថ្មីទាំង០៦ រួមមាន ស្រុកថ្មគោល និងស្រុកសង្កែ ខេត្តបាត់ដំបង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្រុកស្អាង ខេត្តកណ្តាល ស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងកសាងសមត្ថភាព និងផ្តល់បទពិសោធន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដើម្បីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ឆ្លើយតបតាមតម្រូវការ និងពិសេសទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា ក្រោយពីការបណ្តុះបណ្តាលរួចរាល់ ក្រសួងមហាផ្ទៃនឹងសម្ពោធដាក់ឱ្យអនុវត្តការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយនៃស្រុកទាំង០៦ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាសមិទ្ធិផលថ្មីមួយទៀត បន្ថែមលើការិយាល័យច្រកចេញចូលតែមួយនៃក្រុង ស្រុក ខណ្ឌគោលដៅ ចំនួន៤៦ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋរួចហើយ។ ឯកឧត្តមបានបញ្ជាក់បន្ថែម។

វគ្គបណ្តុះបណ្តាលដែលមានរយៈពេលចំនួន៣ថ្ងៃ មានការចូលរួមធ្វើបទបង្ហាញអំពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល និងមន្ត្រី ទីប្រឹក្សាដែលមានបទពិសោធន៍ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា តួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នីតិវិធី និងបែបបទនៃការសម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ ក្រមសីលធម៌សម្រាប់មន្ត្រី ដំណើរការរៀបចំផ្សព្វផ្សាយព័ត៌មាន បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មល្អ។

នៅថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ត្រូវបានផ្តល់ឱកាសឱ្យធ្វើទស្សនកិច្ចសិក្សានៅការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋក្រុងបាត់ដំបង ខេត្តបាត់ដំបងដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ក្នុងការបំពេញការងាររបស់មន្ត្រីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនៅទី០១​ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ថ្វីត្បិតតែវគ្គបណ្ដុះបណ្ដាលមានរយៈពេលខ្លីក៏ពិតមែន តែចំណេះដឹង និងបទពិសោធដែលសិក្ខាកាមទទួលបាន គឺជាធនធានមួយដ៏មានសារៈសំខាន់​ដែលមិនអាចកាត់ថ្លៃបាន ហើយក៏ជាមេរៀនថ្មីមួយនៅក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលរបស់ប្រទេសកម្ពុជាយើង។ ឯកឧត្តមបន្តថា មេរៀនទាំងនេះ មិនមានលក្ខណៈបែបជាទ្រឹស្ដីពេកនោះទេ ប៉ុន្ដែវាជាមេរៀន និងបទពិសោធដែលមានលក្ខណៈជាក់ស្ដែងច្រើនជាងទ្រឹស្តី ដែលអស់លោក លោកស្រីពិតជាអាចយកទៅអនុវត្តបានដោយជោគជ័យ។

ចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមដែលជាថ្នាក់ដឹកនាំស្រុក និងមន្ត្រីការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ឱ្យត្រូវយកចំណេះដឹងដែលទទួលបាន ទៅអនុវត្ដប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីរួមចំណែកជាមួយ​រាជរដ្ឋាភិបាលក្នុងការកែទម្រង់ការផ្ដល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរឡើង ក្នុងគោលដៅដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លើសពីនេះទៀត រដ្ឋបាលស្រុក ត្រូវរៀបចំផែនការផ្សព្វផ្សាយឱ្យបានច្បាស់លាស់ អំពី​តម្លៃ​សេវា និង​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀតស្តីពី​ការផ្តល់សេវា​រដ្ឋបាលរបស់ខ្លួន ព្រមទាំងប្រមូលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋអំពីការបំពេញកិច្ចការរបស់ខ្លួន និងធ្វើការកែលម្អនូវចំនុចខ្វះខាតឱ្យបានល្អប្រសើរឡើង។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar