ខេត្តកណ្តាល​ កិច្ចប្រជុំ​ជ្រើសរើស​ស្រុកគោលដៅ​ថ្មីសម្រាប់​បង្កើត​ការិយាល័យ​ច្រកចេញចូលតែ​មួយ​​ឆ្នាំ២០១៨

October 3, 2017  

study owso kandal (2) study owso kandal (3) study owso kandal (4)ភ្នំពេញ ថ្ងៃទី០៣ តុលា ២០១៧៖ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក បួន ហេង ប្រធាននាយកដ្ឋាន បានជួបប្រជុំជាមួយរដ្ឋបាលសាលាខេត្តកណ្តាលដើម្បីពិភាក្សាអំពីការជ្រើសរើសស្រុកដែលមានសក្តានុពលសម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋសម្រាប់ឆ្នាំ២០១៨ខាងមុខនេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រធានក្រុមប្រឹក្សា អភិបាលខេត្ត និងមន្ត្រីសាលាខេត្តកណ្តាល សរុបចំនួន២៥នាក់។

លោក បួន ហេង មានប្រសាសន៍ថា ផ្អែកតាមអនុក្រឹត្យស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តកណ្តាល ក៏ដូចខេត្តដទៃទៀតត្រូវរៀបចំបង្កើតច្រកចេញចូលតែមួយសម្រាប់ស្រុកដែលមានសក្តានុពលលើការផ្តល់សេវារដ្ឋបាលពិសេសស្រុកប្រជុំជន និងមានសកម្មភាពអាជីវកម្ម សិប្បកម្ម និងសេវាកម្មច្រើន។ លោកបានបន្តថា សម្រាប់ស្រុកដែលនៅដាច់ស្រយាល និងមានប្រជាជនតិច រដ្ឋបាលខេត្តក៏ត្រូវរៀបចំឱ្យមានជាយន្តការច្រកចេញចូលតែមួយដើម្បីផ្តល់សេវារដ្ឋបាលដែលមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងបានឆាប់រហ័សជូនប្រជាពលរដ្ឋដូចគ្នា។

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា មកទល់ពេលនេះ ខេត្តកណ្តាល បានបង្កើត និងដាក់ឱ្យផ្តល់សេវារដ្ឋបាលតាមរយៈការិយាល័យច្រកចេញចូលតែមួយចំនួន២ក្រុងស្រុករួចហើយ គឺ ក្រុងតាខ្មៅ និងស្រុកខ្សាច់កណ្តាល។ ដោយឡែកសម្រាប់ឆ្នាំ២០១៧នេះ ស្រុកស្អាង ក៏បាន និងកំពុងរៀបចំបង្កើតជាការិយាល័យច្រកចេញចូលតែមួយចំនួន១កន្លែងថែមទៀត។

ឯកឧត្តមបានបន្តថា ផ្អែកតាមផែនការដែលបានគ្រោងទុក សម្រាប់ឆ្នាំ២០១៨ សាលាខេត្តបានគ្រោងថវិកា និងរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយចំនួន២ស្រុកថែមទៀត គឺស្រុកកៀនស្វាយ និងស្រុកអង្គស្នួល ព្រមទាំងដាក់គោលដៅបង្កើតការិយាល័យច្រកចេញចូលតែមួយនេះឱ្យបានគ្រប់ស្រុកទាំងអស់នៅឆ្នាំ២០២០។ ឯកឧត្តម បញ្ជាក់ថា ខេត្តចង់បង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋគ្រប់ស្រុកឱ្យបានឆាប់ ព្រោះចង់ជំរុញឱ្យការបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងមានឆាប់រហ័សជាងមុន។

លោក បួន ហេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីសាលាខេត្តដែលមានឆន្ទៈខ្ពស់ក្នុងការរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រួមចំណែកក្នុងការលើកកម្ពស់កំណែទម្រង់ការផ្តល់សេវារបស់រាជរដ្ឋាភិបាលឱ្យកាន់តែប្រសើរឡើង។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar