ក្រសួង​មហាផ្ទៃ​ផ្សព្វផ្សាយ​ដាក់​ឱ្យ​អនុវត្ត​អនុក្រឹត្យ និង​លិខិត​បទដ្ឋាន ស្តីពី​ការ​បង្កើត​យន្តការ​ច្រកចេញ​ចូលតែមួយ និង​ការិយាល័យប្រជាពលរដ្ឋ​នៅរដ្ឋបាលថ្នាក់​ក្រោមជាតិ

September 14, 2017  

sor khengដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ​ក្រសួង​មហាផ្ទៃបាន​រៀបចំ​សិក្ខាសាលាផ្ស​ព្វផ្សា​យ និងដាក់ឱ្យអនុវត្តនូវអនុក្រឹត្យ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធ​នឹង​ការ​បង្កើត​យន្តការ​ច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ និង​​ការ​បង្កើតការិយាល័យប្រជាពលរដ្ឋសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយ​បណ្តឹង​តវ៉ា​នានារបស់ប្រជាពលរដ្ឋនៅ​រដ្ឋបាលថ្នាក់ក្រោម​ជាតិ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់មកពីក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ និងរដ្ឋបាល ថា្នក់ក្រោមជាតិ សរុបចំនួន១៨០នាក់។

desimination (1)ក្នុងឱកាសបើកសិក្ខាសាលា សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការដាក់ចេញឱ្យអនុវត្តនូវ “អនុក្រឹត្យ និងលិខិតបទដ្ឋានស្តីពី​ការ​​បង្កើត​យន្តការ​​​ច្រកចេញ​ចូល​​តែ​មួយ​ និង​ការិ​យា​ល័យ​ប្រជា​ពល​រដ្ឋ​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ” គឺជាសមិទ្ធផលថ្មីបន្ថែម​ទៀត​ក្នុងការអនុវត្ត​គោល​នយោបាយ និងយុទ្ធសាស្ត្រចតុ​កោណដំណាក់កាលទី៣​របស់​រាជរដ្ឋាភិបាល។

សម្តេចមានប្រសាសន៍បន្ថែមថា ការដាក់ឱ្យអនុវត្តនូវយន្តការនេះនឹងរួមចំណែក​សម្រេចបាននូវចក្ខុវិ​ស័យ នៃ​គោល​នយោបាយ​ផ្តល់សេវាសាធារណៈ​​របស់​រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​​នៃកាផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូល​ផ្តុំការ​ផ្តល់​សេវា​រដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតប​ទាន់​ពេល​វេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។​

ផ្អែកតាមអនុក្រឹត្យ ការបង្កើតយន្តការច្រកចេញ​ចូល​តែ​មួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅទៅលើ ទី១- ការបង្កើតអង្គភាពច្រកចេញចូលតែមួយនៅ​ថ្នាក់​រដ្ឋបាល​រាជ​ធានី ខេត្ត ដើម្បី​ប្រមូល​ផ្តុំ​ការ​ផ្តល់​សេវា​រដ្ឋបាល​​នានា ដែលរួមមានទាំងសេវា​រដ្ឋបាល​ដែលកំពុងផ្តល់​ដោយ​រដ្ឋបាល​​រាជធានី ខេត្ត និងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរ អង្គភាព​ជំនាញ​នានា​ មកដាក់នៅកន្លែង​តែមួយ ទី២- ការពង្រីកការិយាល័យច្រកចេញចូលតែមួយ ដែលបាន និងកំពុងអនុវត្តនៅ​រដ្ឋបាល​ថ្នា​ក់​​​ក្រុង ស្រុក ខណ្ឌទាំង៤៦ ទៅដល់រដ្ឋបាលស្រុកដទៃទៀតដែលមាន​លក្ខណៈសម្បត្តិ​សម​ស្រប ដើម្បីផ្តល់សេវារដ្ឋបាលនានាដែលទទួលបានការធ្វើប្រតិភូកម្មពីក្រសួង ស្ថាប័ន​នានា នាពេល​កន្លង​មក និងទី៣- ការរៀបចំយន្តការច្រកចេញចូលតែមួយនៅថ្នាក់រដ្ឋបាលស្រុក​ដែលពុំទាន់មានលទ្ធភាព​អាច​បង្កើត​ជាការិយាល័យ​ច្រកចេញចូលតែមួយ ដោយសារសកម្មភាពស្នើសុំសេវារដ្ឋបាលនានា​មិនទាន់មានលក្ខណៈមមាញឹក និងនៅថ្នាក់រដ្ឋបាលឃុំ សង្កាត់​ទាំង​អស់ ដែល​តាមរយៈ​យន្តការ​នេះ​​ត្រូវធានាឱ្យមានមន្ត្រីច្បាស់លាស់ប្រចាំការ​សម្រាប់ទទួលសំណើសុំសេវានានាពីប្រជាពលរដ្ឋដោយ​កំណត់​នីតិវិធីប្រកបដោយតម្លាភាពសម្រាប់​ផ្តល់​សេវារដ្ឋបាលជូន​ប្រជា​ពលរដ្ឋចាប់ពី​ពេលនេះ​តទៅ​។desimination (7)

ក្នុងសិក្ខាសាលានេះផងដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីកិច្ចការដែលត្រូវអនុវត្តក្រោយពីការផ្សព្វផ្សាយនូវអនុក្រឹត្យនេះ ដោយផ្តោតសំខាន់លើការផ្សព្វផ្សាយបន្តអំពីខ្លឹមសារអនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំដល់អ្នកពាក់ព័ន្ធនានានៅថ្នាក់រាជធានី ខេត្ត ការរៀបចំទីកន្លែង ការបំពាក់សម្ភារៈ បរិក្ខាសម្រាប់អង្គភាពច្រកចេញចូលតែមួយ ការរៀបចំតែងតាំង និងជ្រើសរើសមន្ត្រីសម្រាប់បំពេញការងារ ការកំណត់ប្រភេទសេវាដែលមានភាពសាំញ៉ាំ និងនីតិវិធីក្នុងការផ្តល់សេវា ការរៀបចំការបណ្តុះបណ្តាលមន្ត្រី និងការរៀបចំសម្ភោធប្រកាសបើកដាក់ឱ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត។ ឯកឧត្តមក៏បានស្នើដល់រដ្ឋបាលរាជធានី ខេត្ត អោយរៀបចំជាផែនការជាក់លាក់របស់ខ្លួនដើម្បីអនុវត្តយន្តការនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

មើលកម្រងរូបភាពផ្សេងៗ សូមចុច >> https://www.facebook.com/owso.kh/posts/1677740088912500

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar