សិក្ខាសាលា​ស្តីពីការ​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹងការ​អនុវត្ត​មុខងារ​គ្រប់គ្រង​សំរាម​ សំណល់រឹងទីប្រជុំជន

August 4, 2017  

IMG_2922 trash (4) trash (4) trash (3)សិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់II រាជធានីភ្នំពេញ។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុកតាមខ្លឹមសារនៃអនុក្រឹត្យលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដោយមានការអញ្ញើញចូលរួមពីអភិបាលរងរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធសរុបប្រមាណជាង៤៥០នាក់។

លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនត្រូវបានយកមកផ្សព្វផ្សាយរួមមាន អនុក្រឹត្យលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន សេចក្តីណែនាំអន្តរក្រសួងស្តីពីការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងគោលការណ៍ណែនាំបច្ចេកទេសស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

ឯកឧត្តម ស៊ូ សាវុធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានមានប្រសាសន៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច នគរូបនីយកម្ម និងកំណើនប្រជាពលរដ្ឋនៅទីប្រជុំជន បង្កឱ្យមាននូវបញ្ហាប្រឈមជាច្រើន ពិសេសការគ្រប់គ្រងសំរាម សំណល់រឹង និងការបំពុលបរិស្ថាន ដោយមូលហេតុមធ្យោបាយគ្រប់គ្រង និងបទដ្ឋានច្បាប់ដែលមានកន្លងមកនៅមិនទាន់ឆ្លើយតប​សម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបញ្ជាក់ថា យើងនៅមានភាពខ្វះខាតលើសេវាដឹកជញ្ជូន សេវាប្រមូលមិនទាន់ពេលវេលា ទីលានចាក់សម្រាមមិនមានគ្រប់គ្រាន់ និងមិនទាន់គោរពតាមបទដ្ឋានបច្ចេកទេសដោយមិនទាន់មានវិធានការកាត់បន្ថយ ឬកែច្នៃ ឬការទាញយកធនធានពីសំណល់មិនទាន់បានអនុវត្តជាប្រព័ន្ធនៅឡើយ ស្របពេលដែលបរិមាណសំរាមមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

ឯកឧត្តមបន្ថែមថាការគ្រប់គ្រងសំរាម សំណល់រឹង គឺជាកិច្ចការចាំបាច់ និងបន្ទាន់ណាស់ ជាពិសេសស្របនឹងគោលដៅទេសចរណ៍ដែលយើងមានសារថា “ កម្ពុជា អច្ឆរិយ” ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ដូច្នេះហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងលិខិតបទដ្ឋានពាក់ព័ន្ធចាំបាច់មួយចំនួនទៀតសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar