កិច្ច​ប្រជុំផ្សព្វផ្សាយ​អំពី​នីតិវិធី​នៃការ​ជ្រើស​រើស​មន្ត្រីសម្រាប់ស្រុកគោលដៅឆ្នាំ២០១៧ ចំនួន៦ថ្មី

August 2, 2017  

IMG_2927 IMG_2928 IMG_2950 IMG_2966 IMG_2969នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នាយកដ្ឋានមុខងារ និងធនធាន ដោយសហការជាមួយនាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធីនៃការជ្រើសរើសមន្ត្រីសម្រាប់បំពេញការងារនៅការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋដែលគ្រោងនឹងបង្កើតថ្មីក្នុងស្រុកគោលដៅចំនួន០៦ នៃខេត្តចំនួន០៥ រួមមានស្រុកថ្មគោល និងស្រុកសង្កែនៃខេត្តបាត់ដំបង ស្រុកស្អាងនៃខេត្តកណ្តាល ស្រុកត្រាំកក់នៃខេត្តតាកែវ ស្រុកស្វាយអន្ទរនៃខេត្តព្រៃវែង និងស្រុកជើងព្រៃនៃខេត្តកំពង់ចាម។

កិច្ចប្រជុំនេះរៀបចំនៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីមន្ត្រី បុគ្គលិកនៃនាយកដ្ឋានមុខងារ និងធនធាន នាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាយកទីចាត់ការធនធានមនុស្សនៃខេត្តទាំង៥ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងនាយករដ្ឋបាលស្រុកនៃស្រុកគោលដៅទាំង៦ សរុបចំនួន៣០នាក់។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវនីតិវិធីនៃការជ្រើសរើសមន្ត្រីសម្រាប់បំពេញការងារនៅការិយាល័យច្រកចេញចូលតែមួយ និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋនៃស្រុកគោលដៅថ្មីទាំង៦។

ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះគឺជាការតាំងចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងគោលបំណងបង្ខិតការផ្តល់សេវាឱ្យនៅកៀកជិតប្រជាពលរដ្ឋ ដែលយន្តការនៃការផ្តល់សេវានេះមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទាន់ពេលវេលា និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋចំនួន៤៦ក្រុង ស្រុក ខណ្ឌគោលដៅរួចហើយ។ ថ្មីនេះ តាមរយៈអនុក្រឹត្យស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបង្កើតជាអង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត និងបង្កើតឱ្យមានយន្តការច្រកចេញចូលតែមួយនៅស្រុក និងឃុំ សង្កាត់ដែលមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតជាការិយាល័យច្រកចេញចូលតែមួយ។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar