កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់រឹង​ទី​ប្រជុំជន

July 20, 2017  

IMG_2765 IMG_2762 IMG_2742 IMG_2760២០ កក្កដា ២០១៧៖ ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីពិភាក្សា និងសម្របសម្រួលការផ្ទេរមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ចំណូលពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មុននឹងដាក់ឆ្លងថ្នាក់ដឹកនាំពិនិត្យ និងអនុម័តដើម្បីដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំបានរៀបចំឡើងនៅសាលាប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារបច្ចេកទេសដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងយុត្តិធម៌ផងដែរ។

ឯកឧត្តម លេង វី មានប្រសាសន៍ក្នុងកិច្ចប្រជុំថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ រំលឹកដាស់តឿនឱ្យមានការរៀបចំកិច្ចការគ្រប់គ្រងសំរាម សំណល់រឹង ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តឱ្យបានឆាប់រហ័ស។

ឯកឧត្តមបានបន្តថា អនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តកាលពីខែសីហា ឆ្នាំ២០១៥កន្លងទៅ។ ដើម្បីឱ្យការអនុវត្តអនុក្រឹត្យនេះប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាព ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិពាក់ពាក់មួយចំនួនទៀត ដែលចុងក្រោយនេះ គឺប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ចំណូលពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ចំណូលពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាន និងបានឆ្លងកិច្ចប្រជុំពិភាក្សាជាច្រើនលើកជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួងបរិស្ថាន ហើយនៅព្រឹកនេះនឹងត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំពិភាក្សាបន្ថែមទៀត ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ផងដែរ។

សេចក្តីព្រាងប្រកាសអន្តរក្រសួងនេះមាន១៣មាត្រា ហើយដែលមានខ្លឹមសារសំខាន់ពាក់ព័ន្ធទៅនឹងការរៀបចំគណៈកម្មការទទួលបន្ទុកអនុវត្តពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានា ការបែងចែកប្រាក់ចំណូលដែលបានមកពីការផាកពិន័យ ការផ្សព្វផ្សាយ និងការរៀបចំឱ្យមានទីកន្លែងទទួលបណ្តឹងតវ៉ាពីការជំទាស់ ឬការមិនសុខចិត្តរបស់អ្នកប្រព្រឹត្តអំពើល្មើសនឹងទោសបញ្ញត្តិ។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar