អគ្គ​នាយកដ្ឋានរដ្ឋបាល​ ក្រសួង​មហាផ្ទៃ​បាន​ និង​កំពុង​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​រៀបចំ​ការ​ផ្ដល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អនឡាញ​នៅ​តាម​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ

June 13, 2017  

1 4 5 6 9 3 2កិច្ចប្រជុំដើម្បីផ្តល់យោបល់ លើរបាយការណ៍ស្តីពីការរៀបចំប្រព័ន្ធផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ ក្រោម​អធិបតី​ភាព​ឯកឧត្តម​ ប្រាក់ ​សំអឿន​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ ក្រសួង​មហាផ្ទៃ​ បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី១៣ ខែមិថុនា​ ឆ្នាំ​២០១៧ ​នៅ​សាល​ប្រជុំ​លេខា​ធិការដ្ឋាន​ គ.ជ.អ.ប ​ក្រសួង​មហាផ្ទៃ។

កិច្ច​ប្រជុំ​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ ​និង​មន្ត្រី​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ ក្រសួង​មហាផ្ទៃ​ លេខាធិការដ្ឋាន​ គ.ជ.អ.ប ​អង្គការ​ GIZ​ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។​

ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ ឯកឧត្តម​ ប្រាក់ សំអឿន ​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​ការ​សិក្សា​អស់​រយៈពេល​៦០​ថ្ងៃ​កន្លង​មក​ របាយការណ៍​ស្តី​ពី​ការ​រៀបចំ​ប្រព័ន្ធ​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ទីប្រឹក្សា​ឯករាជ្យ​ និង​ក្រោម​ការ​សម្រប​សម្រួល​ពី​នាយកដ្ឋាន​មុខងារ​ និង​ធនធាន​ នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល ​ក្រសួង​មហាផ្ទៃ​។ កិច្ច​ប្រជុំ​នេះ​ គឺ​ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​បន្ថែម​ទៀត​ មុន​នឹង​ដាក់​ឆ្លង​ថ្នាក់​ដឹកនាំ​ពិនិត្យ​ និង​សម្រេច​។

ឯកឧត្តម​បាន​បន្តថា​ រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងមហាផ្ទៃ​ បាន​បង្កើត និង​ពង្រីក​ការិយាល័យ​ច្រកចេញចូលតែមួយ​បាន​៤៦​ក្រុង​ ស្រុក​ ខណ្ឌ​គោលដៅ​រួច​ហើយ​។ សម្រាប់​ឆ្នាំ​២០១៧​នេះ​ ក្រសួង​បាន និងកំពុងរៀបចំការ​ពង្រីកការិយាល័យច្រកចេញចូលតែមួយ​នៅ​ស្រុក​គោលដៅ​ថ្មី​០៦​បន្ថែម​ទៀត​។ ជាមួយគ្នានេះដែរ​ ក្រសួងមហាផ្ទៃ​ ក៏គ្រោង​នឹង​បង្កើត​អង្គភាព​ច្រកចេញចូលតែមួយ​ថ្នាក់​រាជធានី​ ខេត្ត​ និង​រៀបចំ​ជា​យន្តការ​ច្រក​ចេញចូលតែមួយ​នៅ​ស្រុក​ និង​ឃុំ​ សង្កាត់​ដែល​មិន​ទាន់​មាន​ការិយាល័យ​ច្រក​ចេញចូលតែមួយ​។

ឯកឧត្តម​បាន​បញ្ជាក់ថា ​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ការិយាល័យ​ច្រក​ចេញចូលតែមួយ​នា​ពេល​កន្លងមក​ ទទួល​បាន​ជោគជ័យ ​និង​ទទួល​បាន​បទ​ពិសោធន៍​ល្អៗ​ជាច្រើន​លើ​ការ​អនុវត្ត​។ ប៉ុន្តែ​ដើម្បី​ជម្រុញ​ការ​ផ្តល់​សេវា​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ ​និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ ជា​ពិសេស​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​លើក​ទឹកចិត្ត​ចំពោះ​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិច​ត្រូនិច​ផង​ (E-Government)​ អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល​បាន​ផ្តួច​ផ្តើម​ឱ្យ​មាន​ការសិក្សា​ដើម្បី​ពិនិត្យ​ពី​លទ្ធភាព​ក្នុង​ការ​រៀបចំ​បង្កើត​ប្រព័ន្ធ​ផ្តល់​សេវា​រដ្ឋបាលអនឡាញ ​សម្រាប់​ការិយាល័យ​ច្រក​ចេញចូលតែមួយ​នេះ​ឡើង​។

តាម​រយៈបទ​បង្ហាញ​របស់​លោក​ ជា សិរីវឌ្ឍ​ ទីប្រឹក្សា​ឯករាជ្យ​សម្រាប់ការសិក្សាអំពីលទ្ធភាពក្នុងការរៀបចំប្រព័ន្ធផ្តល់សេវាអនឡាញនេះ បាន​បញ្ជាក់ថា​ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​សរុប​គឺ​ ១៥,៦​លាននាក់​ មាន​ចំនួន​១០,៣៨​លាននាក់​ (ក្នុង​អាយុ​ចន្លោះ​ពី​១៥ ​ទៅ​៦៥ឆ្នាំ)​ មាន​ទូរស័ព្ទ​ដៃ​ប្រើ​ប្រាស់​ ហើយ​ក្នុង​នោះ​៤៨​ភាគរយ​ មាន​ទូរស័ព្ទ​ដៃ​ទំនើប​ប្រើប្រាស់​។ ប្រជាជន​ដែល​ប្រើប្រាស់​សេវា​អ៊ីនធឺ​ណែត/​បណ្តាញ​ទំនាក់​ទំនង​សង្គម​ (Internet/​Facebook) ​មាន​ចំនួន​៤៨​ភាគរយ​ ដែល​តួ​លេខ​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​៦៨​ភាគរយ​ នៅ​ឆ្នាំ​២០២០​។

លោក​បាន​បញ្ជាក់បន្ថែមថា​ ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ទាំងអស់ ​និស្សិត​អាច​មាន​លទ្ធភាព​ប្រើ​ប្រាស់​សេវា​អនឡាញ​បាន​ច្រើន​ ដែល​នេះ​ជា​កត្តា​ដ៏ល្អមួយ​ជម្រុញ​ដល់​ភាព​ជោគជ័យ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អនឡាញ​របស់​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ។​

 

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar