អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ថ្នាក់​រាជធានី​ ខេត្ត​ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ

April 28, 2017  

18118636_1528824363804074_237015185371402145_n 18118994_1528850013801509_1862830164402825878_n 18119457_1528824383804072_4228486353164435355_n 18157121_1528824210470756_6206743431588013537_n 18057679_1528824203804090_1995081480607232366_nនៅ​រសៀល​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅ​សាលប្រជុំ​លេខាធិការដ្ឋាន គ.ជ.អ.ប មានការ​រៀបចំ​កិច្ចប្រជុំ​ពិនិត្យ​ផ្តល់យោបល់​លើ​សេចក្តីព្រាង​ប្រកាស​ស្តីពី​ការបង្កើត​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត ដោយមាន​ការ​អ​ញ្ជើ​ចូលរួម​ពី​អគ្គនាយក អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ប្រធាន អនុប្រធាននាយកដ្ឋាន​មុខងារ និង​ធនធាន ព្រមទាំង​ប្រធាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី ទីប្រឹក្សា​ពាក់ព័ន្ធ​ជាច្រើនរូប។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិនិត្យ​ផ្តល់យោបល់​លើ​សេចក្តីព្រាង​ប្រកាស​ស្តីពី​ការបង្កើត​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត មុននឹង​ដាក់​ឆ្លង​ថ្នាក់ដឹកនាំ និង​ស្នើសុំ​ការអនុម័ត​ពី  សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ថា ដោយ​ផ្អែកលើ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​យន្តការ​ច្រកចេញចូល​តែមួយ​សម្រាប់​ផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បានចង្អុលបង្ហាញ​ឱ្យមាន​ការបង្កើត​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត។ ឯកឧត្តម​បញ្ជាក់​បន្ថែមថា នេះ​គឺជា​ការប្រែប្រួល​ដ៏​សំខាន់​មួយ​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

ផ្អែក​តាម​ស្មារតី​នៃ​អនុក្រឹត្យ​នេះ នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​បានរៀបចំ​សេចក្តីព្រាង​ប្រកាស​ស្តីពី​ការបង្កើត​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត។ សេចក្តីព្រាង​ប្រកាស​នេះ​មាន៨ជំពូក និង៣៨ប្រការ និង​មាន​គោលបំណង​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យភាព​នៃ​ការផ្តល់សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការប្រមូលផ្តុំ​ការផ្តល់សេវា​រដ្ឋបាល​លើ​វិស័យ​នានា​នៅ​កន្លែង​តែមួយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar