ពិធី​​សម្ពោធ​​ដាក់​​ឲ្យ​​ដំណើរ​ការ​​ជាផ្លូវ​ការ​​នូវ​​ការិយាល័យ​​ច្រកចេញចូល​​តែមួយ និង​​ការិយាល័យ​​ប្រជាពលរដ្ឋ

March 29, 2017  

owso-2017-innougurat(4)owso-2017-innougurat(1) owso-2017-innougurat(5) owso-2017-innougurat(3)
owso-2017-innougurat(2)សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ និងការិយាល័យ​ប្រជាពលរដ្ឋ ​ដល់ស្រុកគោលដៅថ្មីចំនួន០៦ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជារួម​​មួយ ដែល​ប្រព្រឹត្តទៅ​នៅ​សាលាស្រុកឧដុង្គ នាព្រឹក​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។ ស្រុកគោលដៅទាំង០៦ រួមមាន ស្រុកឧដុង្គ ខ្សាច់កណ្តាល ស្រុកព្រៃនប់ ស្រុកមោងឫស្សី ស្រុកជីក្រែង និងស្រុកពួក។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ​នានា មន្ត្រីរាជការ​បុគ្គលិក​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃស្រុកគោលដៅទាំង០៦ អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវករ និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជាង២០០០នាក់។

ថ្លែង​ក្នុងឱកាស​នោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយ មិនមែនបង្កើតតែនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌប៉ុណ្ណោះទេ ប៉ុន្តែ​ត្រូវ​បង្កើត​ឱ្យ​មាន​ជា​អង្គភាព​ច្រកចេញចូល​តែមួយ​នៅរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស ដើម្បី​ប្រមូល​ផ្តុំការ​ផ្តល់​សេវា​រដ្ឋបាល​លើ​វិស័យ​នានា​នៅ​កន្លែង​តែមួយ។ សម្តេច​បន្តថា ការរៀប​ចំយន្ត​ការ​នេះគឺដើម្បី​ផ្តល់សិទ្ធិ​សម្រេច និងការ​ទទួល​ខុសត្រូវ​កាន់តែ​ច្បាស់​ដល់​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​នៃរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ជា​តំណាង​រាជរដ្ឋាភិបាល​នៅថ្នាក់ក្រោម​ជាតិ​ក្នុង​ការផ្តល់​សេវា​រដ្ឋបាល​ចាំបាច់​មួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ និង​ធានា​ដល់​ភាពងាយ​ស្រួល​របស់​ប្រជាពលរដ្ឋ​មក​ទទួលសេវា។

សម្តេច​ប​ញ្ជាក់ថា ចំពោះ​រដ្ឋបាល​ស្រុក​មួយចំនួន​ដែល​មិន​ទាន់​អាចបង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយបាន និង​រដ្ឋបាលឃុំ សង្កាត់ទាំងអស់​ត្រូវ​បង្កើតឱ្យ​មាន​នូវយន្តការ​ច្រកចេញ​ចូលតែមួយ​សម្រាប់​ផ្តល់​សេវាជូន​ប្រជាពលរដ្ឋ​ឱ្យបាន​យ៉ាងយូរ​ត្រឹមបំ​ណាច់​ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ការិយាល័យ​ច្រកចេញចូល​តែមួយដែល​បានបង្កើតឡើង​នៅតាមក្រុង ស្រុក ខណ្ឌកន្លងម​ក បង្ហាញឱ្យឃើញនូវលទ្ធផល​ជាវិជ្ជមាន និងទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំងពី​ប្រជាពលរដ្ឋ។ ដោយផ្អែកតាម​លទ្ធផលវិជ្ជមាន​នេះ រាជរដ្ឋាភិបាលបានសម្រេច​ដាក់ចេញនូវ​អនុក្រិត្យស្តីពីការបង្កើតយន្ត​ការ​ច្រកចេញចូលតែ​មួយសម្រាប់​ការផ្តល់សេវា​រដ្ឋបាលនៅ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ក្នុងគោល​បំណង​ប្រមូលផ្តុំ និង​បង្កើនគុណភាពនៃ​ការ​ផ្តល់សេវា​រដ្ឋបាល​លើវិស័យនានា​នៅកន្លែងតែមួយ​នៅគ្រប់ប្រភេទ​រដ្ឋបាលថ្នាក់​ក្រោមជាតិ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបាន​ដាក់ចេញនូវអនុក្រឹត្យ​ស្តីពីការ​បង្កើតការិយាល័យ​ប្រជាពលរដ្ឋ​នៅរដ្ឋបាលថ្នាក់​ក្រោមជាតិ​ក្នុងគោលបំណង​លើកកម្ពស់​អភិបាល​កិច្ចល្អ​ក្នុងការផ្តល់​សេវាសាធារណៈ ​និងការគ្រប់គ្រង​រដ្ឋបាលនៅ​រដ្ឋបាលថ្នាក់​ក្រោមជាតិ ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្ត និងឆ្លើយ​តបទាន់​ពេល​វេលា​ទៅនឹង​តម្រូវការ​របស់ប្រជាពលរដ្ឋ​នៅមូលដ្ឋាន។

 

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar