កិច្ច​ប្រជុំពិភាក្សា​អំពី​ការដាក់​ឱ្យ​ដំណើរ​ការនូវ​ការចុះ​បញ្ជីទោច​ក្រយាន្តយន្ត​តាមប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម

March 10, 2017  

IMG_0483 IMG_0482 IMG_0480 IMG_0510 IMG_0505 IMG_0499

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង២ រសៀល នៅសាលប្រជុំលេខា​ធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំពិភាក្សា​អំពីការដាក់ឱ្យដំណើរ​ការនូវការចុះបញ្ជី​ទោចក្រយាន​​យន្តតាម​ប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម (online) នៅការិយាល័យ​ច្រកចេញចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អគ្គនាយករង និងជាអនុប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមាន​ការអញ្ជើញចូលរួម​​ពីសំណាក់តំណាង​ថ្នាក់ដឹកនាំនៃ​អគ្គនាយកដ្ឋានដឹកជញ្ជូន​ផ្លូវគោកនៃក្រសួង​សាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋាន​រដ្ឋបាលនៃក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប អភិបាលខណ្ឌ និងប្រធានការិយាល័យ​ច្រកចេញ​ចូលតែមួយនៃខណ្ឌទាំង១២ រាជធានីភ្នំពេញ សរុបប្រមាណ៣០នាក់។

ឯកឧត្តម ចាន់ សុធា មានប្រសាសន៍ថា គោលបំណងនៃ​កិច្ចប្រជុំនេះ គឺដើម្បីផ្តល់ការ​ណែនាំ និងពិភាក្សា​ទាក់ទងនឹងការដាក់ឱ្យ​ដំណើរ​​ការនូវការចុះ​បញ្ជីទោចក្រយាន្ត​យន្តតាម​ប្រព័ន្ធស្វ័យប្រវត្តិកម្ម (online) នៅការិយាល័យ​ច្រក​ចេញចូលតែមួយ។

ឯកឧត្តម បន្តថា មន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានី និងខេត្ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុវត្ត​ប្រព័ន្ធនេះរួច​ហើយ ដោយឡែក​ក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់បាន​ដាក់ឱ្យដំណើរ​ការចុះបញ្ជីតាមប្រព័ន្ធស្វ័យ​ប្រវត្តិកម្មនេះនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌដែល​មាន​ការិយាល័យ​ច្រកចេញ​ចូលតែមួយ​នៅឡើយ។

ការដាក់​ឱ្យដំណើរ​ការ​ប្រព័ន្ធ​នេះ​ធ្វើឱ្យមាន​ការ​ផ្អាក​នូវកិច្ចដំណើរការ​ផ្តល់សេវា​ការ​ចុះបញ្ជីម៉ូតូតាម​ការិយាល័យ​​ច្រកចេញចូល​តែមួយនៃ​​រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ដូច្នេះ អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ និង​អគ្គនា​យកដ្ឋានដឹកជញ្ជូន​ផ្លូវគោកនៃក្រសួង​​សាធារណការ និងដឹកជញ្ជូន បានរៀប​ចំកិច្ចប្រជុំកាល​​ពីពេលថ្មីៗនេះ និងមានការឯកភាព​​គ្នាក្នុងការរៀប​ចំជាបន្ទាន់​នូវសម្ភារ មធ្យោបាយ​ចាំបាច់​ទាំងឡាយ សម្រាប់ការដាក់​ឱ្យដំណើរការភ្លាមៗ​នូវការ​ផ្តល់សេវា​តាមប្រព័ន្ធថ្មីនេះ។ ដូច្នេះកិច្ចប្រជុំនេះ យើងពិភាក្សាគ្នា ថាតើយើងត្រូវត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីឈាន​ទៅដាក់​ឱ្យដំណើរ​ការជាផ្លូវការនូវ​ប្រព័ន្ធស្វ័យប្រវត្តិកម្ម​នេះនៅ​រដ្ឋបាល​ខណ្ឌទាំង១២នៃរាជធានីភ្នំពេញ មុននឹងបន្ត​ពង្រីកទៅតាមរដ្ឋបាលក្រុង ស្រុកបន្តបន្ទាប់ទៀត។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar