អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ ក្រសួង​មហាផ្ទៃ​ បាន​និង​កំពុង​សិក្សា​ជម្រើស​នៃ​ការ​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​ទំនើប​(សេវាOnline)

February 15, 2017  

photo_2017-02-15_14-05-09 photo_2017-02-15_14-05-30 photo_2017-02-15_14-05-21 photo_2017-02-15_14-02-58ភ្នំពេញ៖ ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារ​នាយកដ្ឋាន​មុខងារ និង​ធនធាន នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​ចុះ​សិក្សា​ដំណើរ​ការផ្តល់សេវា​នៅតាម​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​ក្រុង ស្រុក ខណ្ឌ​គោលដៅ​មួយចំនួន ដែល​រួមមាន ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ​នៃ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ក្រុង​បាត់ដំបង និង​ស្រុក​ប​វេ​ល​ប្រវេ​នៃ​ខេត្តបាត់ដំបង ក្នុង​គោលបំណង​ដើម្បី​រៀបចំ​ជា​ជម្រើស​នានា​នៃ​ការផ្តល់សេវា​រដ្ឋបាលរ​បស់​ការិយាល័យ​ច្រកចេញចូល​តែមួយ តាម​ប្រព័ន្ធ Online។

លោក ជា សេរី​វ​ឌ្ឍ ទីប្រឹក្សា​ថ្នាក់ជាតិ​លើ​ការអភិវឌ្ឍន៍​ប្រព័ន្ធ Online ដែល​បាន និង​កំពុង​ជួយ​គាំទ្រ​ដល់​នាយកដ្ឋាន​មុខងារ និង​ធនធាន នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្នុងការ​បង្កើត​ប្រព័ន្ធ​ផ្តល់​សេវា Online សម្រាប់​ការិយាល័យ​ច្រកចេញចូល​តែមួយ បាន​បញ្ជាក់ថា លោក​ត្រូវធ្វើ​ការសិក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​របស់រ​ដ្ឋ​បាល​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​អាច​ទទួលយក​នូវ​ការផ្តល់ និង​ទទួល​សេវា​តាម​ប្រព័ន្ធ​ទំនើប (Modernization) ដូច​ប្រទេស​ជឿនលឿនផ្សេងៗទៀត​ដែរ។

លោក​បន្តថា លោក​ត្រូវ​សិក្សា​លើ​គម្រោង​នេះ​ក្នុង​រយៈពេល៣ខែ មុននឹង​ដាក់ចេញ​នូវ​ជម្រើស​នានា​ដែល​សមស្រប​សម្រាប់​ក្រសួងមហាផ្ទៃ ក្នុងការ​បង្កើត​ប្រព័ន្ធ​ទំនើប (ប្រព័ន្ធ​ផ្តល់​សេវា Online) ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​រហ័ស កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​សោហ៊ុយ​ការធ្វើដំណើរ​មក​ទទួល​សេវា​របស់​ប្រជាពលរដ្ឋ។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងមហាផ្ទៃ បាន​បង្កើត និង​ដាក់ឱ្យ​ដំណើរការ​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ បាន៤០ ក្រុង ស្រុក ខណ្ឌ​គោលដៅ​រួចហើយ។ សម្រាប់​ឆ្នាំ២០១៦- ២០១៧ នេះ ក្រសួង​បាន និង​កំពុង​ពង្រីក​តាម​ស្រុក​គោលដៅ​ចំនួន១០បន្ថែមទៀត។ លើសពីនេះ​ទៀត ថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​យន្តការ​ច្រកចេញចូល​តែមួយ​សម្រាប់​ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ប្រមូលផ្តុំ​ការផ្តល់សេវា​រដ្ឋបាល​លើ​វិស័យ​នានា​នៅ​កន្លែង​តែមួយ លើកកម្ពស់​គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បង្កលក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ ក៏បាន និង​កំពុង​ពិនិត្យមើល​ជម្រើស​នានា ដើម្បី​ធ្វើ​ការផ្តល់សេវា​មួយចំនួន​តាម​ប្រព័ន្ធ​ទំនើប (ផ្តល់​សេវា​ប្រព័ន្ធ Online) នៅតាម​ការិយាល័យ​ច្រកចេញចូល​តែមួយ ដើម្បី​ជំរុញ​ការផ្តល់សេវា​រដ្ឋបាល​ឱ្យ​កាន់តែ​ប្រសើរ និង​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar